ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាភ្ញៀវកិត្តយស និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំកម្ពុជា (EuroCham) ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង និង ឯកឧត្ដម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផងដែរ។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគិនទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍ និងផ្តល់ឱកាសការងារយ៉ាងច្រើននៅកម្ពុជា ជាពិសេសបានបង្កើតផ្ទះទីពីរនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានស្នេីសុំឲ្យវិស័យឯកជនទាំងអស់គ្នា បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនដែលនៅសេសសល់ ហើយបានបញ្ជាក់ថា សម្តេចតេជោស្វាគមន៍ជានិច្ចរាល់ការចូលរួមទាំងនេះ។
វិស័យឯកជនទាំងអស់ បានគាំទ្រយ៉ាងផុលផុសចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ ហេីយនឹងចលនាកៀរគរធនធានតាមរយៈកម្មវិធីផ្សេងៗដើម្បីចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា។