បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស

ខេត្តបាត់ដំបង៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធី បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស ក្នុងគោលបំណង ដើម្បីពិភាក្សារួមគ្នាលើការអនុវត្តសកម្មភាពការងារ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក្នុងការជួយដល់ជនរងគ្រោះថា្នក់ដោយសារមីន និងស.ផ.ស. ក្រុមគ្រួសាររបស់ពួកគាត់ និងជនមានពិការភាព ពីគ្រប់ភាគីពាក់ព័ន្ធ នឹងជួយជម្រុញលើកទឹក ចិត្តដល់ប្រតិបត្តិករសកម្មភាពមីនជាតិ និងអន្តរជាតិឱ្យគិតគូររៀបចំកម្មវិធីជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃការរស់នៅ ការគោរពសិទ្ធ និងការធ្វើបរិយាបន្នពួកគាត់ទៅក្នុងសង្គម។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ និងដៃគូរពាក់ព័ន្ធ សរុបចំនួន ៧៨នាក់ (ស្រី ០៧នាក់) ជនមានពិការភាព ០៧នាក់។ សិក្ខាសាលានេះរៀបចំធ្វើឡើងរយៈពេល០២ ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ដោយមានការគាំទ្រថវិកាដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)។