កិច្ចប្រជុំកៀរគរធនធានប្រចាំឆ្នាំលើកទី៩ (Ninth Annual Pledging Conference)តនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្ស (APMBC)

ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំកៀរគរធនធានប្រចាំឆ្នាំលើកទី៩ (Ninth Annual Pledging Conference) នៃ​អនុសញ្ញា​អូតាវ៉ា​។

(ប្រទេសស្វីស) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំកៀរគរធនធានប្រចាំឆ្នាំលើកទី៩ (Ninth Annual Pledging Conference) ដើម្បីគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្ស (APMBC) ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងឱកាសនោះ ជាមួយនឹងកិច្ចប្រជុំកៀរគរធនធាន ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីទស្សនៈវិស័យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងមរតកនៃគ្រាប់មីន ដែលសម្តេចតេជោគឺជាជនបង្គោល និងអ្នកតស៊ូមតិដ៏ឆ្នើម ព្រមទាំងបានផ្តល់នូវទស្សនទានដ៏មានតម្លៃទៅកាន់ពិភពលោកថា "ជ័យជម្នះពិតប្រាកដក្នុងសង្គ្រាមប្រឆាំងនឹងគ្រាប់មីន មិនមែនត្រឹមតែកំណត់ផ្ទៃដីបានរំដោះប៉ុណ្ណោះទេ ប៉ុន្តែជាការជួយសង្រ្គោះអាយុជីវិត និងការស្តារឡើងវិញនៅតាមសហគមន៍ធ្លាប់រងគ្រោះដោយសារមីន"។

ស្របនឹងទស្សនៈទានរបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាន៍ថា សមិទ្ធិផលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមីនប្រឆាំងមនុស្ស គឺជាសក្ខីភាពមួយចំពោះស្មារតីមនុស្សជាតិដ៏យូរអង្វែង ហើយការប្តេជ្ញាចិត្តរបស់រដ្ឋភាគី និងអង្គការសង្គមស៊ីវិល មិនត្រឹមតែបានជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែបានសាបព្រោះគ្រាប់ពូជនៃអនាគត ដែលយើងទាំងអស់ត្រូវបន្តនូវស្មារតីនៃកិច្ចសហការ និងការប្តេជ្ញាចិត្តរួម។

ឯកឧត្តម លី ធុជ បានបន្តទៀតថា ដើម្បីរៀបចំអនាគតបេសកកម្មរួមគ្នា ផ្លូវទៅកាន់ពិភពលោកមួយដែលគ្មានមីន គឺពោរពេញដោយឧបសគ្គ ប៉ុន្តែទោះបីយ៉ាងណាយើងអាចជម្នះបាន ហើយការយល់ចំពោះសកម្មភាព និងការគាំទ្រផ្នែកថវិកាសម្រាប់ឆ្នាំ ២០២៤ ដល់អង្គភាព ISU គឺពិតជាមានសារៈសំខាន់ណាស់ចំពោះចក្ខុវិស័យ និងបេសកកម្មរួម។

ឯកឧត្តម លី ធុជ បានអះអាងបញ្ជាក់ថា កិច្ចប្រជុំកៀរគរធនធានប្រចាំឆ្នាំនៃអនុសញ្ញា បានបង្ហាញពីការប្តេជ្ញាចិត្តរួម និងការជឿទុកចិត្តគាំទ្រដល់ដំណើរការរបស់អង្គភាព ISU ដែលបានកំពុងឈរជាមូលដ្ឋាននៃកិច្ចប្រឹងប្រែងរួមក្នុងការងារប្រយុទ្ធប្រឆាំងមីនប្រឆាំងមនុស្ស។

ក្នុងកិច្ចប្រជុំនោះ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នីមួយៗ បានថ្លែងអំពីការរួមចំណែកក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក និងបន្តអះអាងចំពោះការចូលរួមគាំទ្រដល់សកម្មភាពរបស់អនុសញ្ញា និងអង្គភាព ISU ដើម្បីអាចសម្រេចនូវគោលដៅរួមពិភពលោកមួយដែលគ្មានមីន។