ទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ ទទួលបាននូវការចាត់តាំងពីថ្នាក់ដឹកនាំអាជ្ញាធរមីន កាលពីថ្ងៃទី០៩-១១ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូអាជ្ញាធរមីន បានចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី២៨ របស់នាយកស្ថាប័នសកម្មភាពមីនជាតិនិងទីប្រឹក្សាអង្គការសហប្រជាជាតិ (NDM-UN28) ក្រោមប្រធានបទ (សុវត្ថិភាពអនាគត ផ្តើមពីទីនេះ)។
កិច្ចប្រជុំ NDM-UN28 រៀបចំឡើងសម្រាប់ភាគីពាក់ព័ន្ធសកម្មភាពមីន រួមមាន ប្រធាន/នាយក មកពីស្ថាប័នរដ្ឋាភិបាល សហគមន៍សហប្រជាជាតិ និងសង្គមស៊ីវិល ជួបពិភាក្សាបង្ហាញនូវបញ្ហាប្រឈម ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការបំពេញការងារតាមស្ថាប័នរៀងខ្លួន។ ប្រតិភូអាជ្ញាធរមីនបានជួបប្រជុំទ្វេរភាគីជាមួយម្ចាស់ជំនួយនិងអង្គការដែលពាក់ព័ន្ធ បានចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំសង្គតិភាពរបាយការណ៍ប្រតិបត្តិការ និងបានចូលរួមអន្តរាគមន៍ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងសកម្មភាពមីនប្រកបដោយជោគជ័យក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក។